ការលក់រថយន្តអគ្គិសនីសុទ្ធ កើនឡើងលើសរថយន្តប្រើសាំងជាលើកដំបូង នៅអឺរ៉ុប

អន្តរជាតិ

យោងតាមទិន្នន័យពីក្រុមឧស្សាហកម្មរថយន្ត ACEA បានបង្ហាញឲ្យដឹងកាលពេលថ្មីៗនេះថា ការលក់រថយន្តអគ្គិសនីសុទ្ធ បានកើនឡើងលើសរថយន្តប្រើប្រាស់សាំងនៅសហភាពអឺរ៉ុប ជាលើកដំបូង នៅក្នុងខែធ្នូ ទោះបីជារថយន្តកូនកាត់ Hybrid បន្តកាន់កាប់ចំណែកទីផ្សារធំបំផុតក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា រថយន្ត​អគ្គិសនី​សុទ្ធមាន​ចំនួន ២២,៦% នៃ​រថយន្ត​ដែល​បាន​ចុះបញ្ជី​លក់នៅ​ក្នុង​សហភាព​អឺរ៉ុប​កាលពី​ខែ​មុន ដោយ​វ៉ាដាច់​រថយន្ត​ប្រើសាំង​ដែលមាន​ចំនួន ២២,៥% ខណៈរថយន្តប្រភេទ​កូនកាត់ Hybrid មានចំណែកទីផ្សារដល់ទៅ ៤៤​%។

គួរឲ្យដឹងផងដែរថា ការប្រកួតប្រជែងពីម៉ាកយីហោចិនធំៗដូចជា BYD , Changan និង Geely កំពុងបង្កើនការប្រណាំងប្រជែងខ្លាំងសម្រាប់ទីផ្សារនៅអឺរ៉ុប ទោះបីជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា Volkswagen និង BMW ព្យាយាមចេញម៉ូដែលរថយន្តអគ្គិសនីថ្មីៗរបស់ពួកគេក៏ដោយ។

ជម្រាបជូនថា ការលក់រថយន្តនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើង ៧,៦% ដល់ ១,២ លានគ្រឿងក្នុងខែធ្នូ និងកើនឡើង ២,៤% ដល់ ១៣,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥ ទាំងមូល ដែលជាការឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ៕​