ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ យោងតាមលិខិតលេខធ១៤.០២៤.២០២៦ ឆ.ត ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា និងបាន បំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចន៍ & ជាតនើរ (REACHS & PARTNERS Co., Ltd) យោងតាមសេចក្តីសម្រេចលេខ ១០៨១ ព.ណ.ចបព ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។
ក្នុងន័យនេះ រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល (ដែល ក្នុងនោះរួមមានអតិថិជនផងដែរ) របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ត្រូវបានបំពេញ ចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។
ដោយធនាគារជាតិនៃកម្ពុជា ក៏បានសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារនៃប្រកាសលេខធ៧.០២៤.៧៣៥ ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ស្តីពី “ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ” និងសេចក្តីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដោយសកម្មភាពខាងលើ អាចបង្កជាហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាសាធារណជនផងដែរ។
ទន្ទឹមនឹងនោះ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ។ ក្នុងន័យនេះ ធនាគារជាតិ សូមធ្វើការក្រើនរំលឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ និងបន្តចូលរួមអនុវត្តស្មារតីខ្លឹមសារបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមខាងលើឱ្យបានខ្ជាប់ខ្ជួន៕


