Nvidia ថាកិច្ចព្រមព្រៀងវិនិយោគ ១០០ពាន់លានដុល្លារ ជាមួយ OpenAI មិនទាន់បញ្ចប់នៅឡើយទេ

អន្តរជាតិ

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia លោកស្រី Colette Kress បង្ហើបឲ្យដឹងកាលពីថ្ងៃទី២ ខែធ្នូថា កិច្ចព្រមព្រៀងរបស់ Nvidia ជាមួយ OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ដើម្បីវិនិយោគរហូតដល់ ១០០ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនេះ នៅតែមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់លោកស្រី Kress បែបនេះ ត្រូវបានកើតឡើង នៅចំពេលមានការពិភាក្សាកាន់តែខ្លាំងឡើងជុំវិញភាពជាដៃគូដែលផ្សារភ្ជាប់រវាងក្រុមហ៊ុនលេចធ្លោបំផុតទាំងពីរ នៅក្នុងការប្រណាំងប្រជែងផ្នែកបញ្ញាសិប្បនិម្មិត ។

Nvidia ដែលបច្ចុប្បន្នជាក្រុមហ៊ុនមានតម្លៃទីផ្សារថ្លៃបំផុតនៅលើពិភពលោក កាលពីខែកញ្ញា បានបង្ហាញពីគម្រោងក្នុងការវិនិយោគលើ OpenAI ក្រោមកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធជាមួយនឹងការដាក់ពង្រាយបន្ទះឈីប Nvidia យ៉ាងហោចណាស់ទំហំ ១០ ជីហ្គាវ៉ាត់ សម្រាប់ក្រុមហ៊ុនចាប់ផ្តើមថ្មីនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Kress បាននិយាយថា ៖”​ យើងនៅតែមិនទាន់បានបញ្ចប់កិច្ចព្រមព្រៀងច្បាស់លាស់ណាមួយនៅឡើយទេ ប៉ុន្តេយើងកំពុងធ្វើការជាមួយពួកគេ”។

ជម្រាបជូនផងដែរថា OpenAI ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហាក់កំពុងតែមានលេចធ្លោយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងការរីកចម្រើនផ្នែក AI ដែលបានចាប់ផ្តើមជាមួយនឹងការដាក់ឲ្យដំណើរការកម្មវិធី ChatGPT នៅចុងឆ្នាំ២០២២ មក។ មិនតែប៉ុណ្ណោះ ពួកគេគឺជាអតិថិជនដ៏សំខាន់មួយសម្រាប់បន្ទះឈីបរបស់ Nvidia ផងដែរ៕​