ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យា បានកើនឡើងដល់ជិត ២០០% នៅក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដែលជាចំនួនកើនឡើងដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងបណ្តាឧស្សាហកម្មផ្សេងទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវសម្ងាត់ Altrata បានបង្ហាញឲ្យដឹងថា ឥឡូវនេះ មានមហាសេដ្ឋីកំពូលបច្ចេកវិទ្យាកំពូលៗបំផុតចំនួន ២៩ នាក់ ដែលភាគច្រើនរស់នៅទឹកដីសហរដ្ឋអាមេរិក ហើយក្នុងនោះភាពជោគជ័យរបស់ពួកគេភាគច្រើនគឺសុទ្ធសឹងតែកើតឡើងដោយសារតែឧស្សាហកម្ម AI ដែលកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា វិស័យបច្ចេកវិទ្យា គឺជាកត្តាជំរុញចម្បងបំផុត សម្រាប់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ជាពិសេសកំពូលអ្នកមានៗដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជា Elon Musk, Larry Ellison, Mark Zuckerberg, Jeff Bezos និង Larry Page ជាដើម។
យ៉ាងណាមិញ ក្នុងចំណោមនោះ លោក Elon Musk ដែលជាអ្នកមានបំផុតនៅលើពិភពលោក និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨២ពាន់លានដុល្លារ បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងយ៉ាងខ្លាំង ដោយសារភាពជោគជ័យរបស់ក្រុមហ៊ុន Tesla និង SpaceX។
ទន្ទឹមនឹងនេះ សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page បានក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីការដាក់ចេញម៉ូដែល AI Gemini 3 របស់ Google កាលពីពាក់កណ្តាលខែវិច្ឆិកា។ ទ្រព្យសម្បត្តិរបស់លោក Page បានឈានដល់ចំនួនជាង ២៥៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២ ខែធ្នូ នេះបើយោងតាមទស្សនាវដ្តី Forbes។
ដោយឡែក សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលជាអ្នកមានបំផុតទីបីរបស់ពិភពលោក និងមានទ្រព្យសម្បត្តិសរុបប្រមាណ ២៥២ពាន់លានដុល្លារ ក៏ទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅឆ្នាំនេះផងដែរ ដោយសារតែការរីកចម្រើននៃក្រុមហ៊ុន Software របស់លោកដែលផ្តោតសំខាន់លើ AI។
ជម្រាបជូនថា ប្រាំបីនាក់ក្នុងចំណោមបុគ្គលដែលមានជាងគេទាំង១០ របស់ពិភពលោក សុទ្ធសឹងតែបានកសាងទ្រព្យសម្បត្តិរបស់ពួកគេជាចម្បង នៅក្នុងវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយរបស់ International Business Times៕

