នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា រួមជាមួយឧកញ៉ា ម៉ៅ បញ្ចពណ៌, អ្នកឧកញ៉ា សំ សុខនឿន និងឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានចូលរួមក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) លើកទី១៨ ឆ្នាំ២០២៥» ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសាលសន្និបាតភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំដើម្បីតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាព្រមទាំងទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងស្របជាមួយនឹងការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋខ្មែរដោយមានដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមានផលិតផលខ្មែរ និងផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា, ផលិតផលកម្មន្តសាល, ផលិតផលសិប្បកម្ម, ផលិតផលកសិកម្ម និងសេវាកម្មរួមជាមួយព្រឹត្តិការណ៍អមនានាបន្ថែមទៀតដូចជា ការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា, កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, វេទិកាប្រកួតប្រជែងសិស្សនិស្សិត និងការប្រគំតន្ត្រីផងដែរ។
ក្នុងឱកាសនេះដែរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍នេះមានភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប និងរៀបចំទាន់សភាពការណ៍បច្ចុប្បន្ន ហើយក៏ជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏ធំមួយប្រចាំឆ្នាំដែលរាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា, តភ្ជាប់ទីផ្សារក្នុងស្រុក, បង្កើតឱកាសក្នុងការផ្គូផ្គងរវាងធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរបន្ថែមពីលើនេះក៏មានស្តង់ផលិតផលពីប្រទេសមួយចំនួនទៀតដូចជា ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។
















