នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Alpha group និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា រួមជាមួយលោក Loi Tuan Ee សហស្ថាបនិក,នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន Farm fresh Group បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាក្នុងគោលបំណងដើម្បីបង្កើតកិច្ចសហការក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad របស់ប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ។

សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេសុី។
សូមបញ្ជាក់ថា តាមរយៈការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងបង្កើតការបោះទុនវិនិយោគ ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា ខណៈដែល Farm Fresh Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេសុី ដែលមានកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល៕









