ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៣ ខែធ្នូថា លោកបានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia លោក Jensen Huang ដើម្បីពិភាក្សាអំពីការគ្រប់គ្រងលើការនាំចេញបន្ទះឈីប ទៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងអំឡុងកិច្ចពិភាក្សានោះ លោក ត្រាំ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងទៅលើលោក Huang ថាជាមនុស្សឆ្លាត និងដឹងយ៉ាងច្បាស់ពីគោលជំហររបស់លោក ជុំវិញការគ្រប់គ្រងការនាំចេញ និងប្រភេទបន្ទះឈីបកម្រិតខ្ពស់របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក ទៅកាន់ប្រទេសចិន។
គួរឲ្យដឹងផងដែរថា កិច្ចប្រជុំរបស់លោក Huang ជាមួយលោក ត្រាំ បានកើតឡើងនៅពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក កំពុងពិចារណាថា តើត្រូវអនុញ្ញាតឲ្យ Nvidia លក់បន្ទះឈីបកម្រិតខ្ពស់ H200 របស់ខ្លួន ទៅកាន់ប្រទេសចិនដែរឬអត់។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិកនៅមួយរយៈពេលចុងក្រោយនេះ បានដាក់ចេញច្បាប់ជុំវិញការរឹតបន្តឹងការនាំចេញបន្ទះឈីប និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួនផ្សេងទៀត ជាពិសេសទៅកាន់ប្រទេសចិន ដើម្បីការពារសន្តិសុខជាតិ៕

