រដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក កំពុងស្រាវជ្រាវម៉ូដែលរថយន្តក្រុងមួយប្រភេទដែលអាចបើកបរក្នុងល្បឿន ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងឡូសអាន់ជឺឡេស ដោយបង្កើនជម្រើសធ្វើដំណើររវាងទីក្រុងធំៗទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC។

កាលពីខែមុន ក្រសួងដឹកជញ្ជូនរដ្ឋកាលីហ្វ័រញ៉ា (Caltrans) បានស្នើគំនិតបើកផ្លូវរថយន្តក្រុងល្បឿនលឿន នៅលើផ្លូវហាយវេរដ្ឋ ដើម្បីបំពេញតម្រូវការរបស់អ្នកដែលធ្វើដំណើរជាញឹកញាប់រវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងឡូសអាន់ជឺឡេស។
Caltrans បាននិយាយផងដែរថា ផ្លូវហាយវេរដ្ឋធំៗ ដូចជាផ្លូវហាយវេ Harbor Freeway និងផ្លូវហាយវេ San Bernardino Freeway មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួចហើយ ដែលអាចជាចំណុចចាប់ផ្តើមសម្រាប់ប្រព័ន្ធគម្រោងថ្មីនេះ។ ហើយដើម្បីអាចសម្រេចបានល្បឿនកំពូល ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង “រថយន្តក្រុងល្បឿនលឿន” ប្រភេទពិសេសនេះ នឹងតម្រូវឱ្យមានគន្លងផ្លូវពិសេសដាច់ដោយឡែកមួយ សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងការចាប់ហ្វ្រាំងកម្រិតខ្ពស់។
គួរជម្រាបជូនផងដែរថា ប្រសិនបើដំណើរការបានពិតមែន នោះផ្លូវឡានក្រុងប្រភេទនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូទៅកាន់ទីក្រុងឡូសអាន់ជឺឡេសមកត្រឹមប្រហែល ៣ម៉ោង និង ១២នាទី ជំនួសឱ្យការធ្វើដំណើរដល់ទៅ ៨-១២ម៉ោងនាពេលបច្ចុប្បន្ន៕

