ក្រុមហ៊ុន Meta Platforms កាលពីពេលថ្មីៗនេះ បានប្រកាសថាពួកគេបានជួលលោក Alan Dye ដែលធ្លាប់ជាប្រធានផ្នែក Design ដ៏ជំនាញរបស់ Apple ឲ្យមកចូលរួមជាមួយក្រុមហ៊ុនរបស់ខ្លួន។ នេះបើតាការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ ជុំវិញការជួលលោក Dye ឲ្យចូលមកធ្វើការនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនការប្រកួតប្រជែង នៅក្នុងវិស័យ AI ដែលកំពុងរីកចម្រើនខ្លាំង។
គួរឲ្យដឹងផងដែរថា លោក Dye ដែលធ្លាប់បម្រើការនៅក្រុមហ៊ុន Apple ចាប់តាំងពីឆ្នាំ២០០៦ មក នឹងត្រូវចូលរួមជាមួយ Meta ក្នុងនាមជាប្រធានផ្នែករចនាជាន់ខ្ពស់ នៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។
ក្នុងអំឡុងពេលកាន់តំណែង លោក Dye បានជួយរចនាផលិតផលសំខាន់ៗជាច្រើន របស់ក្រុមហ៊ុន Apple រួមទាំងកាសស្តាប់ត្រចៀក AirPod , Vision Pro, iPhone X , Apple Watch និងរួមទាំងការត្រួតពិនិត្យការរចនាឡើងវិញដ៏សំខាន់នៃប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរបស់ក្រុមហ៊ុន ផងដែរ។
ជម្រាបជូនថា ជុំវិញការចាកចេញរបស់លោក Dye នេះបានកើតឡើង ក្នុងអំឡុងពេលដែលមានការចាកចេញជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ក្នុងរយៈពេលថ្មីៗនេះ រួមទាំងលោក Jeff Williams និងប្រធានផ្នែក AI លោក John Giannandrea ផងដែរ៕

