ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តជំរុញ និងលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ឱ្យបន្តពង្រឹងការចូលរួម ការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ដែលផ្សាយចេញនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចធិបតី បានលើកឡើង តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោត ការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួម ការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈដ្ឋានទូទៅ។
មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋនិង នវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងការបោះពុម្ពសៀវភៅសិក្សាគ្រប់ជំនាញ។
សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រួមចំណែក ដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់ បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។ ការប្រារព្ធ ទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំក៏សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព៕អត្ថបទ៖ហ្សាលីន

