គិតមកដល់ពេលនេះ ពលរដ្ឋ៥សែន ៥ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅសល់ពលរដ្ឋជាង១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់តាមជំរំ

សង្គម​ និង​សេដ្ឋកិច្ច

សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល របស់ក្រសួងមហាផ្ទៃនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​ឱ្យដឹងថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់នូវសកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាននោះ ក៏នៅតែជាបន្ទុកត្រូវដោះស្រាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃ សូមផ្តល់ជូនបច្ចុប្បន្នភាពនៃសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ដល់ម៉ោង៦ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាមួយនឹងការគូសបញ្ជាក់ជាថ្មីទៀតនូវគោលជំហរសំខាន់ៗ៖ ក្នុងនោះមានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។

ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ ឬជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ ខណៈមានពលរដ្ឋភៀសសឹកចំនួន១០៤.០៩៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យ តាមជំរំនានា។ ក្នុងនោះស្ត្រីមានចំនួន៥៥.០៤៩នាក់ និងកុមារចំនួន៣៣.៦៩៦នាក់។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងរឹងមាំបំផុត ដើម្បីទាមទារមកវិញនូវបូរណភាពទឹកដី ស្របតាមច្បាប់ ដោយមិនបោះបង់ចោលតំបន់ណាមួយឡើយ។ រាល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលកន្លងមក មិនមែនជាថ្នូរនៃការដោះដូរទឹកដី ឬដើម្បីកាត់ដីឱ្យទៅប្រទេសថៃនោះទេ ពោលគឺការដោះស្រាយបញ្ហាព្រំដែន ត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ទាំងការងារបច្ចេកទេសវាស់វែង និងការគ្រប់គ្រង។

ដូច្នេះ ជារឿងចាំបាច់បំផុត ដែលជនរួមជាតិ ត្រូវបន្តចូលរួមពូនជ្រំការពង្រឹងស្មារតីសាមគ្គីជាតិ រួបរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង ដែលបានកំពុងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធី មិនប្រើប្រាស់អាវុធ ឬយកអំពើហិង្សាមកធ្វើជាដំណោះស្រាយ ក៏ប៉ុន្តែបានជ្រើសយកការប្រើប្រាស់យន្តការការទូត និងបច្ចេកទេសព្រំដែនតាមផ្លូវច្បាប់អន្តរជាតិ និងបើទោះបីជាដំណោះស្រាយនេះអាចនឹងត្រូវប្រើប្រាស់រយៈពេលវែង តែវាជាជម្រើសដ៏ប្រសើរបំផុត ដើម្បីធានាបាននូវសន្តិភាព ប្រកបដោយចីរភាព និងការពារភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋក្នុងរយៈពេលវែង។

សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតទាំងស្រុងខាងក្រោម៖