ក្នុងរយៈពេលតែមួយខែកុម្ភៈ ដើមឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤២គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

CDC បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយ CDC ក្នុងនោះក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៩គម្រោង និងគម្រោងចំនួន ២៤ទៀត ត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

គម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានដូចជា គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតសម្ភារបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំហៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គុំបន្ទះសូឡានិងគ្រឿងបង្គុំបរិក្ខារអគ្គិសនី។ល។

សូមជម្រាបដែរថា បើគិតរយៈពេល២ខែ ពោលគឺខែមករា និងខែកុម្ភៈ នៃដើមឆ្នាំ២០២៦ គម្រោងវិនិយោគចំនួន១០៥ គម្រោង ដែលមានទំហំទឹកប្រាក់ជាង៩៦៦ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) អនុម័ត ដោយបង្កើតបានការងារបន្ថែមចំនួន៣៩ពាន់កន្លែង៕ អត្ថបទ៖ ហ្សាលីន

