បុរសខ្លាំងពូទីនថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការវិលត្រលប់ទៅចូលរួមជាមួយក្រុម G7 វិញឡើយ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងម៉ូស្គូនឹងមិនវិលត្រលប់ទៅចូលរួមជាមួយ G7 វិញនោះឡើយ ដោយលោកថែមទាំងបានសង្តក់ធ្ងន់ទៀតថា សមាមាត្ររបស់ក្រុមនេះ ទៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំងរួចទៅហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Today។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសមួយជាមួយ India Today លោក ពូទីន ត្រូវបានគេសួរថា តើរុស្ស៊ីនឹងពិចារណាវិលទៅចូលរួមជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេទាំង៧ (G7) ដែលជាបទប្បញ្ញត្តិមួយនៅក្នុងផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរឬទេ។

ជុំវិ​ញសំណួរ​នេះលោក ពូទីន បានឆ្លើយតបវិញថា ទីក្រុងម៉ូស្គូមិនចាប់អារម្មណ៍ ក្នុងការវិលត្រលប់ទៅកាន់ G7 វិញនោះឡើយ។ លោក ក៏បានពន្យល់ទៀតថា ចំណែករបស់ G7 នៅក្នុងសេដ្ឋកិច្ចពិភពលោកបានថយចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្នងនោះលោកបានកត់សម្គាល់ថា មានតែប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងសមាជិក G7 ផ្សេងទៀត ទាក់ទងនឹងអំណាចទិញទីផ្សារ។

យ៉ាងណាមិញ ខណៈពេលដែលទទួលស្គាល់ថាប្រទេស G7 នៅតែមានអត្ថប្រយោជន៍ក្នុងបច្ចេកវិទ្យាទំនើប ប្រធានាធិបតីរុស្ស៊ី បាននិយាយទៀតថាប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុប កំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថាទីក្រុងមូស្គូនៅតែមើលឃើញ G7 ជាវេទិកាសំខាន់សម្រាប់ការពិភាក្សា ប៉ុន្តែរុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅវិញនោះទេ។

ជម្រាបជូនថា រុស្ស៊ីបានចូលរួមជាមួយ G7 ក្នុងឆ្នាំ១៩៩៨ ដោយបង្កើតជាក្រុម G8 ដែលភាគច្រើនដោយសារតែឥទ្ធិពលនយោបាយសកលរបស់ខ្លួននៅពេលនោះ ជាជាងអំណាចសេដ្ឋកិច្ច។ ប៉ុន្តែក្រោយមក រុស្ស៊ីត្រូវបានផ្អាកពីក្រុមនេះវិញនៅឆ្នាំ២០១៤ បន្ទាប់ពីមានការបញ្ចូលឧបទ្វីបគ្រីមៀ ដោយនាំឲ្យក្រុមនេះត្រឡប់ទៅទម្រង់ G7 វិញ គឺមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)៕​