ប្រធានាធិបតីអាមេរិក បំផុសគំនិតពីការប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump វិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា សហរដ្ឋអាមេរិកគឺបានគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយ ដោយថែមទាំងបានលើកឡើងពីគំនិតចង់ប្តូរឈ្មោះតំបន់នេះ ទៅជាច្រកសមុទ្រ Trump ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី២ ខែកញ្ញាថា ៖”ឥឡូវនេះ យើងបានគ្រប់គ្រងតំបន់នេះហើយ តើយើងគួរប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជា ‘ច្រកសមុទ្រ Trump’ ដែរឬអត់?”។

យ៉ាងណាក៏ដោយ វានៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ថាតើមេដឹកនាំអាមេរិករូបនេះ ពិតជាមានចេតនាចំពោះការផ្លាស់ប្តូរឈ្មោះនេះមែនអត់នោះឡើយ ខណៈពេលដែលលោក ត្រាំ ក៏មិនបានបញ្ជាក់ពីវិសាលភាពដែលច្រកសមុទ្រ Hormuz ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ផងដែរ។

គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះឡើយ ដោយនៅពាក់កណ្តាលខែសីហា លោក ត្រាំ ក៏ធ្លាប់បាននិយាយថា លោកនឹងប្រកាសដាក់ច្រកសមុទ្រ Hormuz “ជាផ្នែកមួយនៃទឹកដីអាមេរិក” ក្នុងឆាប់ៗនេះ បន្ទាប់ពីបានយកឈ្នះលើអ៊ីរ៉ង់។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីប៉ុន្មានថ្ងៃមុន លោកក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកមានការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ទាំងស្រុង ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់បាននោះឡើយ។

ជម្រាបជូនថា Hormuz មានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ មានប្រវែង ១៦១គីឡូម៉ែត្រ។ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅច្រក Hormuz ឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការបកស្រាយបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់៕​