លោក ត្រាំ ថាអាមេរិកអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណ្ជិជកម្មជាមួយម៉ិកស៊ិក និងកាណាដា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាអាចនឹងសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politco ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានដកស្រង់សម្តីរបស់លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅក្នុងអំឡុងធ្វើបទសម្ភាសផតខាសមួយនាពេលថ្មីៗនេះ។ លោក Greer បានមានប្រសាសន៍ថា ៖ “ទស្សនៈរបស់ប្រធានាធិបតីគឺថា លោកគ្រាន់តែចង់បានកិច្ចព្រមព្រៀងល្អៗប៉ុណ្ណោះ។ ហេតុផលដែលយើងនៅតែត្រូវការពេលពិនិត្យឡើងវិញនៅក្នុង USMCA គឺដើម្បីការពារតម្រូវការក្នុងការកែប្រែ វាយតម្លៃឡើងវិញ ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ”។

មិនតែប៉ុណ្ណោះ លោក Jamieson Greer ក៏បានលើកឡើងពីលទ្ធភាពនៃការចរចាដាច់ដោយឡែកពីគ្នារបស់សហរដ្ឋអាមេរិកជាមួយកាណាដា និងម៉ិកស៊ិក ក៏ដូចជាការបំបែកកិច្ចព្រមព្រៀងជាពីរផ្នែក។ ជុំវិញគំនិតនេះត្រូវបានពិភាក្សាឡើងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយប្រធានាធិបតី លោក ត្រាំ ក្នុងសប្តាហ៍នេះ។

ជម្រាបជូនថា USMCA គឺជាកិច្ចព្រមព្រៀងថ្មីមួយជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងឆ្នាំ២០២០ ដែលត្រូវបានចរចាក្នុងអាណត្តិដំបូងរបស់លោក ត្រាំ ។ ហើយកាលពីថ្ងៃទី៣ ខែធ្នូ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវអនុញ្ញាតឲ្យផុតកំណត់ ឬកិច្ចព្រមព្រៀងថ្មីមួយនឹងត្រូវចរចាឡើងវិញរវាងប្រទេសទាំងបី៕​