អតីតប្រធានាធិបតី ចូ បៃដិន ទទួលបានប្រាក់សោធននិវត្តន៍ច្រើនបំផុត ដល់ជាង ៤០ម៉ឺនដុល្លារ

អន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា បានទទួលបានសោធននិវត្តន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ចំនួន ៤១៧ ០០០ដុល្លារ ក្នុងមួយឆ្នាំ ឬប្រមាណ ៣៤ ៧៥០ដុល្លារ ក្នុងមួយខែ ដែលនេះត្រូវបានចាត់ទុកថាជាចំនួនដ៏ច្រើនបំផុតសម្រាប់ប្រធានាធិបតី នៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wio News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសហភាពអ្នកជាប់ពន្ធជាតិ ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ចំនួនទឹកប្រាក់ចូលនិវត្តិន៍ដែលលោក បៃដិនទទួលបាននេះ គឺជាចំនួនច្រើនមិនធម្មតាជាប្រវត្តិសាស្រ្ត ដែលធំជាងចំនួនទឹកប្រាក់ចូលនិវត្តិន៍របស់អតីតប្រធានាធិបតី លោក Barack Obama និងច្រើនជាងប្រាក់ឈ្មោះរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ដែលមានចំនួនត្រឹម ៤សែនដុល្លារ គិតត្រឹមឆ្នាំ២០២៦ នេះទៅទៀត។

មិនតែប៉ុណ្ណោះ យោងតាមសហភាពអ្នកជាប់ពន្ធជាតិ បានឲ្យដឹងទៀតថា ចំនួនទឹកប្រាក់ដ៏ច្រើននៃប្រាក់សោធននិវត្តន៍នេះ គឺទទួលបានដោយសារតែអាជីពនយោបាយដ៏យូរអង្វែងរបស់លោក ចូ បៃដិន។ លោកធ្លាប់បានបម្រើការងារសាធារណៈអស់រយៈពេល ៤៤ឆ្នាំ ដោយក្នុងនោះរួមមានទាំងការបម្រើការងាររាប់ទសវត្សនៅក្នុងព្រឹទ្ធសភា ក៏ដូចជាអនុប្រធានាធិបតី និងជាប្រធានាធិបតី។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើប្រាក់សោធននិវត្តន៍ លោក បៃដិន ក៏មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់មូលនិធិដោយអ្នកជាប់ពន្ធសម្រាប់កន្លែងការិយាល័យ បុគ្គលិក ឧបករណ៍ និងការធ្វើដំណើរផងដែរ។ សម្រាប់ឆ្នាំ២០២៦ នេះ ថវិកាសម្រាប់ការិយាល័យ និងការគាំទ្ររបស់លោក បៃដិន ត្រូវបានគេរាយការណ៍ថាមានចំនួនជាង ១,៥លានដុល្លារ៕