ការលក់រថយន្តនៅអឺរ៉ុប កើនឡើងជិត ៥​% នៅក្នុងខែតុលា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយរបស់សមាគមអ្នកផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញឲ្យដឹងថា ការលក់រថយន្តថ្មីៗនៅអឺរ៉ុប បានកើនឡើង ៤,៩% នៅក្នុងខែតុលា ដែលត្រូវបានជំរុញដោយការចុះបញ្ជីរថយន្តអគ្គិសនីច្រើនបំផុត ដោយវ៉ាដាច់ទៅលើរថយន្តសាំង និងម៉ាស៊ូត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមក ឧស្សាហកម្មរថយន្តអឺរ៉ុប បានរងផលប៉ះពាល់ជាបន្តបន្ទាប់ នៅឆ្នាំនេះ រួមទាំងបញ្ហាពន្ធគយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ការធ្លាក់ចុះនៃទីផ្សារប្រទេសចិន និងការផ្លាស់ប្តូរយឺតជាការរំពឹងទុកចំពោះរថយន្តអគ្គិសនីជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលថ្មីៗនេះ ស្ថានភាពទាំងនេះ​ ហាក់មានការធូរស្រាលឡើងវិញ ខណៈពេលដែលការនាំចេញរថយន្តអគ្គិសនីរបស់ចិន ទៅកាន់អឺរ៉ុប កំពុងមានការកើនឡើងខ្លាំង។

ការលក់រថយន្តនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើង ១,០៩២ លានគ្រឿង ក្នុងខែតុលា ខណៈពេលដែលទីផ្សារធំៗបំផុត រួមទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានមើលឃើញពីការកើនឡើងនៃការលក់រថយន្តថ្មីៗ ច្រើនជាងឆ្នាំមុន។

ជម្រាបជូនផងដែរ ក្នុងនោះដែរការចុះបញ្ជីលក់រថយន្តរបស់ Volkswagen , Stellantis និង Renault បានកើនឡើង ៦,៥% , ៤,៦% និង ១០,៦% រៀងៗគ្នា ស្របពេលការលក់របស់ Tesla បានធ្លាក់ចុះ ៤៨,៥% ខណៈការលក់របស់ក្រុមហ៊ុនចិន BYD បានកើនឡើងរហូតដល់ទៅ ២០៦,៩% ឯណោះ។ ចំណែកឯការចុះបញ្ជីរបស់ក្រុមហ៊ុនចិន SAIC Motor ក៏បានកើនឡើង ៣៥,៩% ផងដែរ៕​