លោក Lee Sang-hyeok ដែលជាជើងខ្លាំងក្នុងការប្រកួត Esport ហ្គេម League of Legends និងត្រូវបានគេស្គាល់ថាទូទៅថាជា Faker ត្រូវបានតែងតាំងជាមន្ត្រីប៉ូលិសកិត្តិយសរបស់កូរ៉េខាងត្បូង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតក្នុងចំណោមក្មេងជំទង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Korea Times។

យោងតាមទីភ្នាក់ងារប៉ូលីសជាតិកូរ៉េបានប្រកាសកាលពីថ្ងៃទី២២ កក្កដាថា ខ្លួនបានតែងតាំងលោក Lee ឲ្យក្លាយជាមន្ត្រីប៉ូលីសកិត្តិយស ដែលមានឋានៈជាពលបាលឯក និងថែមទាំងបានតែងតាំងលោកឲ្យក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់យុទ្ធនាការទូទាំងប្រទេស ដើម្បីទប់ស្កាត់ការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតក្នុងចំណោមក្មេងជំទង់ ផងដែរ។
លោក Lee ត្រូវបានជ្រើសរើសសម្រាប់តំណែងនេះ ដោយសារតែការទទួលស្គាល់ជាអន្តរជាតិរបស់លោកក្នុងនាមជាកីឡាករកីឡាអេឡិចត្រូនិក និងឥទ្ធិពលវិជ្ជមានរបស់លោកទៅលើយុវជន។ ឋានៈកិត្តិយសរបស់លោក គឺដូចគ្នាទៅនឹងឋានៈរបស់មន្ត្រីប៉ូលិសដែលត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រកួតប្រជែងអាជីពសម្រាប់ការស៊ើបអង្កេតតាមអ៊ីនធឺណិត ផងដែរ។
យ៉ាងណាមិញ ដោយជាផ្នែកមួយនៃយុទ្ធនាការនេះ Faker នឹងបង្ហាញខ្លួននៅក្នុងវីដេអូផ្សព្វផ្សាយ និងផ្ទាំងរូបភាពផ្សេងៗដែលលើកទឹកចិត្តដល់ក្មេងជំទង់ដែលពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងតាមអ៊ីនធឺណិត ឲ្យរាយការណ៍ដោយខ្លួនឯងតាមរយៈកម្មវិធីរាយការណ៍របស់ប៉ូលីស។
គួរជម្រាបជូនផងដែរថា Faker ត្រូវបានចាត់ទុកថាជាស្តេច Esport របស់កូរ៉េខាងត្បូង ដោយរូបគេបានឈ្នះពានរង្វាន់ League of Legends World Championship រហូតដល់ទៅ ៦លើកជាមួយក្រុមកូរ៉េខាងត្បូង T1 រួមទាំងការឈ្នះជើងឯកជាប់ៗគ្នាបីលើកចុងក្រោយ ផងដែរ៕

