បារាំង រកបាននាយករដ្ឋមន្ត្រីទី៥ ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំចុងក្រោយ

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសតែងតាំងរដ្ឋមន្ត្រីការពារជាតិ លោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី ចំពេលកំពុងមានវឹកវរ នៅក្នុងជួរនយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការិយាល័យប្រធានាធិបតី បាននិយាយថា លោក Macron បានស្នើឲ្យលោក Lecornu ចរចាជាមួយគណបក្សនយោបាយទាំងអស់ នៅក្នុងសភា ដើម្បីស្វែងរកការសម្របសម្រួលលើថវិកា និងគោលនយោបាយផ្សេងទៀត មុនពេលឈានដល់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី។

ក្រោយការជ្រើសតាំងនេះ លោក Lecornu បានសរសេរលើបណ្តាញសង្គម X របស់ខ្លួនថា៖” ប្រធានាធិបតី បានប្រគល់ឲ្យខ្ញុំនូវភារកិច្ចក្នុងការកសាងរដ្ឋាភិបាល ដោយមានទិសដៅច្បាស់លាស់ គឺការការពារឯករាជ្រជាតិ និងកម្លាំង បម្រើប្រជាជនបារាំង និងធានាស្ថិរភាពនយោបាយ និងស្ថាប័នជាតិ”។

គួរឲ្យដឹងថា លោក Lecornu ជានាយករដ្ឋមន្ត្រីបារាំងទី៥ ហើយ ដែលត្រូវបានតែងតាំងដោយលោក Macron ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតដកសេចក្តីទុកចិត្តលើលោក Francois Bayrou។

ជម្រាបជូនផងដែរថា ការផ្ទេរតំណែងរបស់លោក Sebastien Lecornu អាចនឹងត្រូវរៀបចំធ្វើឡើង នៅថ្ងៃទី១០ ខែកញ្ញានេះ៕​