អាមេរិក ប្រាប់ឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរបស់អ៊ីរ៉ង់

អន្តរជាតិ

យោងតាមមន្ត្រីអ៊ីស្រាអែលបានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទាក់ទងទីក្រុង Tel Aviv តាមរយៈបណ្តាញនយោបាយ និងយោធា ដោយជំរុញឲ្យឈប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងតេអេរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Axios បានរាយការណ៍ នៅថ្ងៃទី១០ ខែមីនាថា សហរដ្ឋអាមេរិកបានផ្ញើសំណើទៅកាន់មេបញ្ជាការកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Eyal Zamir ដើម្បីស្នើឲ្យឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។ នេះប្រហែលជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកបានស្នើសុំឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន អនុវត្តការអត់ធ្មត់ចាប់តាំងពីប្រទេសទាំងពីរបានចាប់ផ្តើមបើកការវាយលុករបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក។

គួរឲ្យដឹងផងដែរថា តាមរយៈសារនេះត្រូវបានបញ្ជូនទៅ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារកន្លែងផ្ទុកប្រេងជាបន្តបន្ទាប់នៅក្នុងទីក្រុងតេអេរ៉ង់ ចាប់តាំងពីល្ងាចថ្ងៃទី៧ ខែមីនា។ ការវាយប្រហារតាមផ្លូវអាកាសនេះ បានបង្កឲ្យមានអគ្គីភ័យឆាបឆេះដ៏ធំនៅរោងចក្រចម្រាញ់ប្រេង ហើយផ្សែងខ្មៅក្រាស់បានហុយឡើង បង្កើតជាអ័ព្ទខ្មៅដែលគ្របដណ្តប់ពាសពេញទីក្រុងនៅពេលព្រឹក។ ចំពោះការប្រហារពីមុនៗ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានកំណត់គោលដៅជាចម្បងតែលើទីតាំងយោធា សន្តិសុខ និងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែចង់រក្សាលទ្ធភាពនៃការសហការជាមួយឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់បន្ទាប់ពីជម្លោះបានបញ្ចប់ ស្រដៀងគ្នាទៅនឹងគោលនយោបាយដែលលោកកំពុងអនុវត្តជាមួយប្រទេសវេណេស៊ុយអេឡាផងដែរ៕​