គណបក្ស Bhumjaithai (BJT) ដែលបច្ចុប្បន្នកំពុងក្លាយជាបក្សប្រឆាំងពេញលេញ គ្រោងនឹងដាក់ញត្តិដកសេចក្តីទុកចិត្តនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ទៅកាន់សភា បន្ទាប់ពីមានការលេចធ្លាយឃ្លីបសំឡេងសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោកស្រី Nan Boonthida Somchai អ្នកនាំពាក្យគណបក្ស Bhumjaithai បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សបានសម្រេចចិត្តដាក់ញត្តិដកសេចក្តីទុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី ក្រោមមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញ។
លោកស្រី Nan បានថ្លែងបន្ទាប់ពីកិច្ចប្រជុំរួមគ្នារវាងគណៈកម្មាធិការប្រតិបត្តិគណបក្ស និងសមាជិកសភារបស់ខ្លួនថា៖ “សំណើនេះនឹងត្រូវដាក់នៅពេលសម័យប្រជុំសភាលើកទីបី បើកនៅថ្ងៃទី៣ ខែកក្កដាខាងមុខ” ។
បន្ថែមពីនេះ លោកស្រី ក៏បានបន្តអញ្ជើញគណបក្សប្រឆាំងផ្សេងទៀត ដូចជាបក្សប្រជាជន , Palang Pracharath ,គណបក្សយុត្តិធម៌ និងគណបក្ស Thai Sang Thai ដើម្បីរួមគ្នាចុះហត្ថលេខាលើសំណើនេះ និងគាំទ្រការជជែកដេញដោល ដកទំនុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី ជុំវិញការប្រព្រឹត្តរបស់លោកស្រី Paetongtarn ។
ទន្ទឹមនឹងនេះ លោក Anutin Charnvirakul មេដឹកនាំបក្ស Bhumjaithai បាននិយាយនៅក្នុងកិច្ចប្រជុំរួមគ្នានោះថា គណបក្សបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ដោយបញ្ជាក់ថា ខ្លួនបានធ្វើការសម្រេចចិត្តត្រឹមត្រូវបំផុត ក្នុងការចាកចេញពីរដ្ឋាភិបាលចម្រុះ។
ជម្រាបជូនផងដែរថា បក្ស Bhumjaithai បានសម្រេចដើរចេញពីជួររដ្ឋាភិបាលចម្រុះ បន្ទាប់ពីគណបក្សកាន់អំណាចភឿថៃ បានស្នើតំណែងរដ្ឋមន្ត្រី ២រូប ដើម្បីដោះដូរលើការគ្រប់គ្រងក្រសួងមហាផ្ទៃ ចំពេលកំពុងមានវឹកវរលើបញ្ហានយោបាយផ្ទៃក្នុង ក្រោយការបែកធ្លាយការសន្ទនារបស់លោកស្រី Paetongtarn ផងដែរ៕