សម្តេចតេជោ៖ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំឱ្យទាហ៊ានយល់ដឹងគ្រប់ៗគ្នា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ប្រាប់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ តាមបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បន្តថា កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់ម៉ិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្តេចបាន។សម្តេចក៏សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្រេ្គមលើកទី៣៣នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា។

សូមជម្រាបថា បើតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចំនួន៥ទីតាំង រួមមាន តំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក៕ អត្ថបទ៖ហ្សាលីន