រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)។ ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានការរំពឹងជាវិជ្ជមានថាការដាក់ឱ្យដំណើរការសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅឆ្នាំ ២០២៦ នឹងបន្តបើកផ្លូវប្រកបដោយទំនុកចិត្តសម្រាប់ទាក់ទាញទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាបន្ថែមទៀត។

អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» និងដើម្បីអបអរសាទរខួបលើកទី៦៧ ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន កាលពីថ្ងៃទី៦ ធ្នូ លោក ហួត ហាក់ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ និងជាជន្ទល់សេដ្ឋកិច្ច ដែល ចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ចតាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញអនុវត្តនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។

លោកបន្តថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍ កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ ក្នុងន័យនេះ កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក៏បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)។

លោករដ្ឋមន្រ្តីបានគូសបញ្ជា្កក់ថា ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។ លោករំពឹងដោយវិជ្ជមានថា តាមរយៈការដាក់ឱ្យដំណើរការសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅឆ្នាំ ២០២៦ រួមជាមួយការរៀបចំព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» នាពេលនេះ និងព្រឹត្តិការណ៍ធំៗ និងទាក់ទាញនានា នាឆ្នាំ២០២៦ នឹងបន្តបើកផ្លូវប្រកបដោយទំនុកចិត្តសម្រាប់ទាក់ទាញទេសចរ និងវិនិយោគិនចិន មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ប្រកបដោយសុវត្ថិភាព និងគុណភាព៕


