សម្តេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានទម្លាយនូវវីដេអូប្រមាណជាង១០វិនាទី បង្ហាញពីភាពរាប់អានជិតស្និត រវាងលោកអនុទីន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយភ្ជាប់ខ្លឹមសារថា «មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃអនុធីនដើម្បីគោលដៅនៃសន្លឹកឆ្នោតនាពេលខាងមុខគឺហ៊ានប្រើជិវិតកងទ័ពនិងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោឡើយ។

ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភក្តិ ដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិតែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ»។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥:០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។
រហូតដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃដដែលការវាយប្រហារដោយយោធាថៃបានបន្តមកដល់តំបន់ជុំវិញ និងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្ស របស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។
ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលម៉ិញ នៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងចេតនាញុះញង់ឱ្យមានការប៉ះទង្គិចគ្នា ជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ៕



