រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមរិក កំពុងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំបំផុតមួយនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងអំឡុងពេលនិយាយទៅកាន់បទសម្ភាសមួយនៅថ្ងៃទី៧ ខែធ្នូកន្លងទៅ លោក Bessent បានលើកឡើងថា៖”សេដ្ឋកិច្ចអាមេរិកកំពុងដំណើរការល្អជាងអ្វីដែលបានរំពឹងទុក។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤% ក្នុងត្រីមាសថ្មីៗនេះ។ ទោះបីជាមានការបិទដំណើរការរដ្ឋាភិបាលក៏ដោយ តែសហរដ្ឋអាមេរិកនឹងបញ្ចប់ឆ្នាំជាមួយនឹងកំណើនសេដ្ឋកិច្ចពិតប្រាកដ ៣%។ ចំនួននេះគឺខ្ពស់ជាងការព្យាករ ២% ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែតុលាកន្លងទៅ”។
គួរឲ្យដឹងថាGDP របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ០,៦% ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ បន្ទាប់មកស្ថានភាពបានផ្លាស់ប្តូរ ដោយសេដ្ឋកិច្ចកើនឡើង ៣,៨% វិញ។
ទន្ទឹមនឹងនេះ អតិផរណារបស់សហរដ្ឋអាមេរិក បានកើនឡើង ២% ក្នុងខែកញ្ញា។ ការកើនឡើងនៃតម្លៃទំនិញនៅតែបន្តធ្វើឱ្យអ្នកប្រើប្រាស់មានសម្ពាធ ប៉ុន្តែទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធថាប្រជាជនមិនបានប្រទះទៅនឹងការលំបាកផ្នែកហិរញ្ញវត្ថុ នោះឡើយ។
ដោយឡែក លោក Bessent ទទូចថារដ្ឋាភិបាលរបស់លោក ត្រាំ នៅតែកំពុងធ្វើការយ៉ាងខ្លាំងដើម្បីទប់ស្កាត់អតិផរណាដែលបានធ្វើឲ្យរដ្ឋបាលរបស់អតីតប្រធានាធីបតី ចូ បៃដិន មានបញ្ហា។ លោកបានបន្តសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ នឹងមានកំណើនដ៏រឹងមាំ និងឆ្ពោះទៅរកភាពរុងរឿងនៅឆ្នាំក្រោយ៕

