ធនាគារកណ្តាលថៃ បង្ខំចិត្តទម្លាក់អត្រាការប្រាក់ជាថ្មី ចំពេលសេដ្ឋកិច្ចកំពុងទន់ខ្សោយខ្លាំង

អន្តរជាតិ

ធនាគារកណ្តាលថៃ បានសម្រេចចិត្តទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួនជាថ្មីម្តងទៀត កាលពីថ្ងៃទី១៧ ខែធ្នូ ដើម្បីគាំទ្រដោយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំង ស្របពេលកំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈមជាច្រើន រួមទាំងភាពមិនច្បាស់លាស់ផ្នែកនយោបាយ ការកើនឡើងនៃប្រាក់បាត ពន្ធគយរបស់អាមេរិក និងបញ្ហាព្រំដែនជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានថ្វើការបោះឆ្នោតជាឯកច្ឆ័ន្ទមួយ ដើម្បីកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទបន្ថែម ឬស្មើទៅនឹង ០,២៥% ដែលធ្វើឲ្យកម្រិតការប្រាក់គោលបច្ចុប្បន្នធ្លាក់មកនៅត្រឹម ១,២៥%។

ជុំវិញការសម្រេចចិត្តកាត់បន្ថយនេះ ធនាគារកណ្តាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”​ គណៈកម្មាធិការបានវាយតម្លៃថា ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចជាក់ស្តែង ក៏ដូចជាហានិភ័យកើនឡើង បានបង្ខំឲ្យមានការកាត់បន្ថយអត្រាប្រាក់បន្ថែម”។

គួរឲ្យដឹងថាសេដ្ឋកិច្ចរបស់ថៃ កំពុងដើរយឺតជាងប្រទេសដទៃទៀតក្នុងតំបន់ចាប់តាំងពីជំងឺរាតត្បាតមក ខណៈប្រទេសនេះ បានតស៊ូជាមួយនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំនេះ រួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិក បំណុលគ្រួសារខ្ពស់ ប្រាក់បាតកើនឡើង ជម្លោះព្រំដែនជាមួយកម្ពុជា និងភាពមិនប្រាកដប្រជាខាងនយោបាយមុនការបោះឆ្នោត នៅដើមខែកុម្ភៈខាងមុខ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលថៃបាននិយាយថា ខ្លួននៅតែរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើង ២,២% នៅឆ្នាំនេះ ខណៈការព្យាករសម្រាប់ឆ្នាំ ២០២៦ បានធ្លាក់មកត្រឹម ១,៥% ពីកម្រិតពីមុន ១,៦% ៕​