លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) បាននិយាយថា លោកនឹងនៅតែបន្តជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Fed ដដែល បើទោះបីជាអាណត្តិជាប្រធានរបស់លោក ត្រូវបញ្ចប់ហើយក៏ដោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

លោក Powell បានថ្លែងនៅថ្ងៃទី២៩ ខែមេសា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរបស់ Fed ថា ៖”បន្ទាប់ពីអាណត្តិរបស់ខ្ញុំជាប្រធានបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ខ្ញុំនឹងនៅតែជាក្រុមប្រឹក្សាភិបាលរបស់ធនាគារមួយរយៈពេលវែងទៀត”។
គួរឲ្យឹងថា អាណត្តិរបស់លោក Powell នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ Fed នៅតែបន្តរហូតដល់ឆ្នាំ២០២៨។ ជាធម្មតា ប្រធាន Fed នឹងត្រូវចាកចេញពីក្រុមប្រឹក្សាភិបាល នៅចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់លោក Powell លោកបានសង្កត់ធ្ងន់ថា ការដែលលោកមិនទាន់ចាកចេញភ្លាមៗ គឺចង់បញ្ចប់ការស៊ើបអង្កេតផ្នែកច្បាប់ប្រឆាំងនឹងរូបលោកជាមុនសិន។
ជម្រាបជូនថា នៅថ្ងៃទី២៩ ខែមេសា លោក Powell បានបញ្ជាក់សារជាថ្មីអំពីក្តីបារម្ភរបស់លោកថា បញ្ហាប្រឈមផ្នែកច្បាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងគំរាមកំហែងដល់សមត្ថភាពរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងការធ្វើការសម្រេចចិត្តដោយឯករាជ្យលើគោលនយោបាយរូបិយវត្ថុ៕

