លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានវ៉ាដាច់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និងលោក Larry Page និង Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google ដើម្បីក្លាយជាអ្នកមានបំផុតលំដាប់ទីពីររបស់ពិភពលោក ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនសូហ្វវែរខ្នាយក្សរបស់លោកបានកើនឡើងយ៉ាងខ្លាំង។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison បច្ចុប្បន្ន បានឈានដល់ប្រមាណ ២៩៦ពាន់លានដុល្លារ ដែលធ្វើឲ្យលោកតាមពីក្រោយតែមហាសេដ្ឋី Elon Musk ប៉ុណ្ណោះ ខណៈស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៨២៦ពាន់លានដុល្លារ។
លោក Ellison កាន់កាប់ភាគហ៊ុនរបស់ Oracle សរុបជិត ១,២ ពាន់លានហ៊ុន ដែលតំណាងឲ្យប្រហែល ៤០% នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ដែលនេះមានន័យថាការកើនឡើងនៃតម្លៃភាគហ៊ុន គឺជាកត្តាចម្បងដែលកំណត់លើចំនួនទ្រព្យសម្បត្តិរបសម់ហាសេដ្ឋីវ័យ ៨០ឆ្នាំរូបនេះ ផងដែរ។
គួរជម្រាបជូនផងដែរថា លោក Ellison បានឡើងមកឈរនៅចំណាត់ថ្នាក់លេខទី២ ក្នុងបញ្ជីអ្នកមានបំផុតលើលោកវិញ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុន Oracle បានកើនឡើង ២៨% ក្នុងរយៈពេលប្រាំថ្ងៃនៃការជួញដូរកន្លងមក។ Oracle ទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ពីការកើនឡើងនៃវិស័យ AI ខណៈពេលដែលពួកគេ គឺជាអ្នកផ្គត់ផ្គង់ថាមពលកុំព្យូទ័រដ៏សំខាន់មួយ ដែលត្រូវការដើម្បីបណ្តុះបណ្តាល និងដំណើរការប្រព័ន្ធ AI កម្រិតខ្ពស់៕

