ឥណ្ឌូនេស៊ី កំពុងពិចារណាដាក់កំហិត ក្នុងការនាំចេញហ្គាសរបស់ខ្លួន

អន្តរជាតិ

យោងតាមរដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Binsar Pandjaitan បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងធ្វើការហាមឃាត់ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួន ដើម្បីជួយដល់ការផ្គត់ផ្គង់ នៅក្នុងស្រុកបន្ថែមទៀត ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងពិធីបើកសម្ពោធកន្លែងចាប់យក និងស្តុកទុកឧស្ម័នកាបូនរបស់ឥណ្ឌូនេស៊ី (ICCSC) នាថ្ងៃទី ៣០ ខែឧសភា កន្លងទៅ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី បាននាំចេញហ្គាស LNG ជាច្រើនឆ្នាំមកហើយ ដូច្នេះវាដល់ពេលហើយ ដើម្បីសម្រេចបញ្ឈប់ការនាំចេញ ដើម្បីបំពេញតម្រូវការក្នុងស្រុកបន្ថែម ។

មិនតែប៉ុណ្ណោះ បើតាមរបាយការណ៍រួមមួយ ដែលត្រូវបានផ្ញើទៅកាន់ប្រធានាធិបតី លោក Joko Widodo បានបង្ហាញឱ្យដឹងថា ការហាមឃាត់នេះ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ ដល់កិច្ចសន្យានាំចេញ ដែលកំពុងបន្តនោះឡើយ ។

លើសពីនេះ លោក Luhut បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងបង្វែរការនាំចេញហ្គាសរបស់ខ្លួន ដើម្បីបំពេញតម្រូវការក្នុងស្រុក ជាពិសេសសម្រាប់បម្រើក្នុងឧស្សាហកម្មផលិតគីមីឥន្ធន: និងមេតាណុល ដែលកំពុងមានតម្រូវការខ្ពស់ ។

ជម្រាបជូនឱ្យដឹងថា ឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកថាជាប្រទេសនាំចេញហ្គាស LNG ធំជាងគេទី ៨ របស់ពិភពលោក កាលពីឆ្នាំមុន ជាមួយនឹងចំនួននាំចេញសរុប ១៤,៦ ពាន់លានគូប ខណ:ទីផ្សារសំខាន់ៗរបស់ប្រទេសនេះ រួមមាន ចិន សាធារណរដ្ឋកូរ៉េ ជប៉ុន សិង្ហបុរី និងម៉ិកស៊ិក៕