ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា យោធាសហរដ្ឋអាមេរិក នឹងបើការវាយប្រហារកាន់តែខ្លាំងទៅលើអ៊ីរ៉ង់នាពេលខាងមុខ ប្រសិនបើរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងពេលដ៏ខ្លីទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី៧ ខែឧសភាថា ប្រសិនទុកពេលឲ្យកាន់តែយូរ នោះអ៊ីរ៉ង់អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ តែទោះជាយ៉ាងណាក៏អាមេរិក នឹងមិនបណ្តោយឲ្យឱកាសទាំងនោះកើតឡើងនោះឡើយ។ប្រធានាធិបតីអាមេរិក បានសង្តក់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរនាខាងមុខ ប្រសិនបើពួកគេមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឲ្យបានយ៉ាងឆាប់រហ័សទេនោះ។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយសារព័ត៌មាន ABC News នៅថ្ងៃដដែលនោះ លោក ត្រាំ បានបន្ថែមថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត ហើយវានៅតែមានប្រសិទ្ធភាព ខណៈការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ គ្រាន់តែជាការដាស់ស្មារតីប៉ុណ្ណោះ។
គួរជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ បានគំរាមថានឹងបន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីភាគីទាំងពីរបានឈានដល់បទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា។ កន្លងមក សេតវិមានក៏បានចេញសារដែលធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែខ្លាំងឡើងអំពីជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈពេលដែលទីក្រុងតេអេរ៉ង់ ហាក់មិនបង្ហាញសញ្ញានៃការដកថយនោះឡើយ៕

