ក្រុមហ៊ុន Amazon គ្រោងនឹងកាតបន្ថយចំនួនបុគ្គលិកច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន រហូតដល់ប្រមាណ ៣០ ០០០ នាក់ ឬស្មើទៅនឹង ១០% នៃចំនួនបុគ្គលិកសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការប្រកាសមួយ កាលពីថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ មានគម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនយ៉ាងច្រើន ដោយនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា តទៅ។
ជុំវិញមូលហេតុនៃការកាត់បន្ថយនេះ ដោយសារតែក្រុមហ៊ុន កំពុងសម្លឹកមើលលទ្ធភាពក្នុងការបន្ធូបន្ថយការចំណាយ និងរឹតបន្តឹងការជួលបុគ្គលិកហួសប្រមាណរបស់ខ្លួនក្នុងអំឡុងមានការតម្រូវការខ្ពស់បំផុត អំឡុងពេលមានជំងឺរាតត្បាតជាសកល។
ជម្រាបជូនផងដែរថា ជុំវិញការកាត់បន្ថយនេះ អាចនឹងប៉ះពាល់ដល់ផ្នែកការងាររបស់ក្រុមហ៊ុនមួយចំនួន រួមទាំងផ្នែកធនធានមនុស្ស ប្រតិបត្តិការ សេវាកម្ម និងសេវាកម្មគេហទំព័រ Amazon ជាដើម៕

