យោងតាមលោក Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ និងតំបន់ (KKDW) បាននិយាយថា ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅកាត់បន្ថយការពឹងផ្អែកលើស្បៀងអាហារនាំចូលចំនួន ៥០% នៅឆ្នាំ២០៥០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀងជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Zahid Hamidi និយាយទៀតថា គោលដៅនេះត្រូវបានធ្វើឡើង នៅពេលដែលវិក្កយបត្រនាំចូលអាហារប្រចាំឆ្នាំរបស់ប្រទេសម៉ាឡេស៊ី បានឈានដល់ប្រហែល ៨០ពាន់លានរីងហ្គីត (២០ពាន់លានដុល្លារ) ដែលជាកម្រិតដ៏ខ្ពស់មួយ។
យ៉ាងណាមិញ ផែនការនេះកំពុងត្រូវបានអនុវត្តជាដំណាក់កាលៗ ដោយមានគោលដៅបណ្តោះអាសន្ននៃការកាត់បន្ថយ ១៥% នៅត្រឹមឆ្នាំ២០៣០ និងច្រើនជាង ៣០% នៅឆ្នាំ២០៤០ មុនពេលឈានដល់គោលដៅចុងក្រោយនៅឆ្នាំ២០៥០។
យុទ្ធសាស្ត្រនេះនឹងផ្តោតលើការបង្កើនប្រសិទ្ធភាពដីដែលមិនបានប្រើប្រាស់ និងដីទំនេរដែលស្ថិតនៅក្នុងការគ្រប់គ្រងដោយភ្នាក់ងារផ្សេងៗ ក្រោម KKDW ដោយបំលែងវាទៅជាតំបន់ផលិតកម្មកសិកម្ម និងបសុសត្វ។
ទន្ទឹមនឹងនេះ លោក Ahmad Zahid បាននិយាយទៀតថា កម្មវិធីសន្តិសុខស្បៀងត្រូវបានអនុវត្តក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ហើយបានរួមចំណែករួចហើយក្នុងការធ្វើឲ្យតម្លៃមានស្ថេរភាព ជាពិសេសតាមរយៈគម្រោងផលិតសាច់មាន់ និងស៊ុត ក្នុងការផ្គត់ផ្គង់គ្រប់តម្រូវការនៅក្នុងស្រុក៕

