ក្រុមហ៊ុន VinFast បន្តចាក់លុយ ៥០០លានដុល្លារ ពង្រីករោងចក្រនៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់វៀតណាម VinFast នឹងបោះទុនវិនិយោគ ៥០០លានដុល្លារបន្ថែម នៅក្នុងទីក្រុង Thoothukudi ប្រទេសឥណ្ឌា ដើម្បីអភិវឌ្ឍការផ្សព្វផ្សាយ និងខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់ឡានក្រុងអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំវិញការប្រកាសចុងក្រោយនេះ គឺជាដំណាក់កាលទីពីរហើយ បន្ទាប់ពីក្រុមហ៊ុន VinFast បានប្រកាសវិនយោគទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌា កាលពីប៉ុន្មានខែមុន។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរដ្ឋ Tamil Nadu លើផ្ទៃដីប្រហែល ២០០ ហិកតានៅក្នុងឧទ្យានឧស្សាហកម្ម SIPCOT នឹងត្រូវបានបែងចែកដើម្បីគាំទ្រដល់ការពង្រីករោងចក្រដែលមានស្រាប់របស់ VinFast។ រដ្ឋក៏នឹងជួយក្នុងការទទួលបានលិខិតអនុញ្ញាតចាំបាច់ និងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ រួមទាំងអគ្គិសនី ទឹក ផ្លូវផ្ទៃក្នុង ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ជាដើម។

យ៉ាងណាមិញ សម្រាប់ការវិនិយោគចំនួន ៥០០លានដុល្លារចុងក្រោយនេះ VinFast ឈានមួយជំហានទៀតទៅមុខក្នុងការពង្រឹងការត្រៀមខ្លួនផលិតកម្មរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌា។ គំនិតផ្តួចផ្តើមនេះក៏ត្រូវបានគេរំពឹងថានឹងបង្កើនការធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើតឱកាសការងារបន្ថែម និងគាំទ្រដល់ការអភិវឌ្ឍជំនាញកម្លាំងពលកម្មនៅក្នុងតំបន់ផងដែរ៕​