ក្រុមហ៊ុនអាកាសចរណ៍ VietJet បញ្ជាទិញយន្តហោះ Airbus ២០ គ្រឿងបន្ថែម​ ចំពេលមានដំណើរទស្សនកិច្ចរបស់លោក Macron

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់វៀតណាម Vietjet នៅថ្ងៃចន្ទនេះ បានយល់ព្រមលើការបញ្ជាទិញយន្តហោះថ្មីៗ ពីក្រុមហ៊ុន Airbus សម្រាប់យន្តហោះប្រភេទតួខ្លួនទូលាយ A330neo ចំនួន ២០ គ្រឿងបន្ថែមទៀត ចំពេលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងស្ថិតនៅនៅទីក្រុងហាណូយ ដើម្បីជួបជាមួយមេដឹកនាំវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Vietjet បាននិយាយថា សម្រាប់កិច្ចព្រមព្រៀងចុងក្រោយនេះ នឹងនាំមកនូវការបញ្ជាទិញយន្តហោះ A330neo សរុបកើនឡើងដល់ចំនួន ៤០ គ្រឿង បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន សម្រាប់ការបញ្ជាទិញយន្តហោះចំនួន A330neo ចំនួន ២០ គ្រឿងរួចម្តងហើយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនហាក់មិនបានទម្លាយឲ្យដឹងអំពីការចំណាយ ឬព័ត៌មានលម្អិតផ្សេងទៀតអំពីកាលវិភាគនៃការដឹកជញ្ជូននោះទេ ប៉ុន្តែបាននិយាយថា ការបញ្ជាទិញថ្មីនេះ នឹងនាំឲ្យនូវការគាំទ្រដល់ការពង្រីកយុទ្ធសាស្ត្រនៃជើងហោះហើររបស់ក្រុមហ៊ុន ក្នុង​ទសវត្ស​ក្រោយ។

គួរឲ្យដឹងថាកិច្ចព្រមព្រៀងថ្មីផងដែរនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន VietJet លោកស្រី Nguyen Thi Phuong Thao និងលោក Wouter van Wersch នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus ។

ជាមួយគ្នានេះ លោកស្រី Thao បាននិយាយថា ការបញ្ជាទិញថ្មីនេះ នឹងបន្តគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរជាសាកលរបស់ VietJet ខណៈដែលក្រុមហ៊ុន មានគម្រោងជំរុញការហោះហើរនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាចផ្តោតទៅលើសេវាកម្មហោះហើរផ្លូវឆ្ងាយទៅកាន់អឺរ៉ុប នាពេលអនាគត។

ជម្រាបជូនផងដែរថា ការប្រកាសនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងចាប់ផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ជាមួយក្តីសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣០ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន អាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ការកកើតឡើងវិញ ស្រាវជ្រាវ ផ្កាយរណប និង​វិស័យ​ការពារ​ជាតិ ជាដើម៕