សម្តេចតេជោ បញ្ជាឱ្យវាយបកគ្រប់ចំណុច និងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវ ក្រោយកម្ពុជាអត់ធ្មត់ជាង២៤ម៉ោង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាឲ្យវាយបកគ្រប់ចំណុចដែលទាហានឈ្លានពានថៃ បាញ់មកលើកម្ពុជា ក្រោយកម្ពុជា អត់ធ្មត់ជាង២៤ម៉ោង ដើម្បីជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សឹលមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។

សម្តេចតេជោ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា នឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ?ដើម្បីងាយស្រួលកុំឱ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។យើងការពារទឹកដីយើងដោយមាន

លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។

សម្តេចតេជោ បញ្ជាក់ថា ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ទន្ទឹមគ្នានេះ សម្តេចតេជោ បន្ថែមថា យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។

ចុងក្រោយ សម្តេចតេជោ បញ្ជាក់ថា សម្តេចកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?

កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕អត្ថបទ៖ហ្សាលីន