សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន២ ប្រកាសបន្តអនុវត្ត វិធានការជួយសម្រាលបន្ទុក ដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសបន្តអនុវត្ត វិធានការជួយសម្រាលបន្ទុក ដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមជម្រាបជូនសាធារណជនជ្រាបថា សមាគមទាំងពីរនៅតែបន្តអនុវត្ត «វិធានការជួយសម្រាលបន្ទុក ដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សមាគមទាំងពីរ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តតាមសេចក្ដី ណែនាំនានារបស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

សមាគមទាំងពីរខាងលើនេះ ក៏បានបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតជាសមាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួលដល់អតិថិជនដែលរងផល់ប៉ះពាល់តាមវិធានការខាងលើ៕