(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានគម្រោងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២។ ខ្ញុំនឹងបើកកិច្ចពិភាក្សាតាម ទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមមួយរវាងប្រទេស២ដ៏មានឥទ្ធិពលបំផុត»។
ក្រៅពីអាមេរិក ពាក់ព័ន្ធនឹងជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មីរវាងកម្ពុជា និងថៃនេះដែរ ក៏ឃើញមានអង្គការសហប្រជាជាតិ មហាអំណាចចិន ប្រទេសបារាំង អាល្លឺម៉ង់ អូស្រ្តាលី វៀតណាម ប្រទេសម៉ាឡេស៊ី ក៏បានបង្ហាញក្តីព្រួយបារម្ភ ចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយអាវុធឡើងវិញ រវាងប្រទេសកម្ពុជា និងថៃ។
បណ្តាប្រទេសទាំងនោះ ក៏បានអំពាវនាវដល់ភាគីទាំងពីរឱ្យអត់ធ្មត់ និងចៀសវាងការកើនឡើងបន្ថែមទៀត, ប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ និងប្រើប្រាស់យន្តការទាំងអស់សម្រាប់ការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ចំពោះជម្លោះ តាមរយៈមធ្យោបាយសន្តិវិធី និងគោពច្បាប់អន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន


