ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកនឹងទូរស័ព្ទទៅមេដឹកនាំរបស់ប្រទេសកម្ពុជា និងថៃ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដែលកំពុងផ្ទូះឡើងសារជាថ្មី បន្ទាប់ពីលោកធ្លាប់បានសម្របសម្រួលឲ្យមានបទឈប់បាញ់រួចម្តងហើយ កាលពីខែកក្កដា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយថ្លែងនៅក្នុងពិធីជួបជុំមួយនៅក្នុងរដ្ឋ Pensylvania កាលពីថ្ងៃទី៩ ខែធ្នូ លោក ត្រាំ បានរាយបញ្ជីឈ្មោះសង្គ្រាមមួយចំនួនដែលលោកអះអាងថា បានជួយបញ្ឈប់ រួមទាំងប៉ាគីស្ថាន និងឥណ្ឌា អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ មុនពេលបញ្ឈប់ជម្លោះដែលកើតឡើងនៅក្នុងតំបន់អាស៊ាន។
យ៉ាងណាមិញ លោក ត្រាំ បាននិយាយថា ៖” ខ្ញុំស្អប់ក្នុងការនិយាយពាក្យទាំងអស់នេះ ឥឡូវកម្ពុជា-ថៃ បានចាប់ផ្តើមជម្លោះឡើងវិញ ហើយខ្ញុំនឹងទូរស័ព្ទទៅកាន់មេដឹកនាំប្រទេសទាំងពីរ។ តើអ្នកណាផ្សេងទៀតដែលអាចបញ្ឈប់ជម្លោះដ៏មានឥទ្ធិពលនេះបាន”។
រំលឹកផងដែថា លោក ត្រាំ ធ្លាប់បាននិយាយជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ហើយធ្វើជាចំណុចកណ្តាលនៃបទឈប់បាញ់ដ៏ផុយស្រួយរវាងពួកគេចាប់តាំងពីមានជម្លោះក្នុងខែកក្កដា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៨ នាក់ និងជាការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសទាំងពីរក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសរបស់លោក ត្រាំ សារជាថ្មីនេះ បានកើតឡើងបន្ទាប់ពីជម្លោះតាមព្រំដែនបានផ្ទុះឡើងម្តងទៀត នៅពេលដែលថៃ បានបើកការវាយប្រហារមកលើកម្ពុជា រហូតធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ និងបានបើកការវាយប្រហារតបតវិញ៕

