ស្រុកចំនួន៤ នៅខេត្តបាត់ដំបង បានសម្រេចផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្ថានភាពការឈ្លានពានពីយោធាថែនៅតែបន្ត

សង្គម​ និង​សេដ្ឋកិច្ច

មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី១០ ធ្នូនេះ បានចេញសេចក្តីជូនដំណឹងថា ដោយមានការឈ្លានពានពីសំណាក់យោធា ថែមកលើព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រស្រុកចំនួន៤ (ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក) ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរអប់រំ យុវជន និង កីឡាខេត្តសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកទាំង៤ខាងលើផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃ មកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើសូមគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សានៃស្រុកទាំង៤ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា គិតមកដល់ពេលនេះស្ថានភាពនៅបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តក្តៅ ខណៈកងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕