វីនហេង រចនា ឯ.ក គឺជាក្រុមហ៊ុនដែកស្មិតខ្មែរ បង្កើតឡើងដោយកូនខ្មែរ មានជំនាញ និងបទពិសោធន៍រាប់ឆ្នាំលើការ ប្រឹក្សា រចនា ផលិត និងដំឡើងដូចជា៖ ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង ចម្រឹងបង្អួច បង្កាន់ដៃជណ្តើរ បង្កាន់ដៃវ៉េរ៉ង់ដារ និងគ្រឿងសង្ហារឹមផ្សេងៗទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានគ្រប់ម៉ូត។

ក្រុមហ៊ុន វីនហេង រចនា ក៏បានចូលរួមដាក់តាំងបង្ហាញនូវស្តង់ផលិតផលរបស់ខ្លួនក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារកម្ពុជា ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយក្រុមហ៊ុន បានប្រកាសប្រម៉ូសិនបញ្ចុះតម្លៃពិសេសដល់អតិថិជនដែលមកទស្សនាស្តង់ផ្ទាល់ផងដែរ។
លោក ជឿន ពិសិដ្ឋ ម្ចាស់ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បានឱ្យដឹងថា ក្នុងឱកាសពិព័រណ៍រយៈពេល ៣ថ្ងៃនេះ ក្រុមហ៊ុនបានពាំនាំនូវផ្ទាំងទស្សនីយភាពផលិតផលដែកស្មិតចម្លាក់ក្បាច់ខ្មែរយ៉ាងផ្ចិតផ្ចង់មកដាក់បង្ហាញជូនសាធារណជន។ លោកបានបន្តថា ក្រៅពីការតាំងបង្ហាញនេះ ក្រុមហ៊ុនក៏កំពុងវាយលុកទីផ្សារជាមួយផលិតផលម៉ូដថ្មីៗដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ដូចជា ទ្វារទេពនិម្មិត ទ្វារហ្វូណន ទ្វារអធិរាជសាគរ ទ្វារអធិរាជជំនួញ និងទ្វារត្រីសូរ ជាដើម។
ក្នុងនាមជាសហគ្រិនខ្មែរ លោកបានគូសបញ្ជាក់ថា ការបង្កើតផលិតផលនីមួយៗឡើង គឺមិនមែនផ្តោតលើតែប្រាក់ចំណេញនោះទេ អ្វីដែលជាបេសកកម្មចម្បងរបស់វីនហេង រចនា គឺការចូលរួមគាស់កកាយបន្ថែម និងអភិរក្សក្បាច់ក្បូរអារ្យធម៌ខ្មែរ ព្រមទាំងបង្កើតឱកាសការងារ និងបណ្តុះបណ្តាលជំនាញដែកស្មិតកម្រិតខ្ពស់នេះដល់យុវជនជំនាន់ក្រោយ។
សូមជម្រាបជូនថា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បង្កើតឡើងតាំងពី ឆ្នាំ២០១៥។ ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផ្សារភ្ជាប់នឹងឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ លើកស្ទួយសិល្បៈវប្បធម៌រាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរ របស់លោកស្រី លី ផល្លី ដែលជាសហគ្រិនស្ត្រីឆ្នើមមួយរូបនៅកម្ពុជា ក៏ដូចជា លោក ជឿន ពិសិដ្ឋ រយៈពេលជាង ១០ឆ្នាំ មកនេះ សេវាកម្មប្រឹក្សា រចនា ផលិត និងដំឡើង ផលិតដែកស្មិតខ្មែរ បង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន មកពីគ្រប់ស្រទាប់វណ្ណៈ គ្រប់ខេត្តក្រុងទូទាំងប្រទេស៕























