ក្រុមហ៊ុនជប៉ុនមួយកំពុងចូលរួមលើកកម្ពស់គុណភាពដំណាំថ្នាំជក់កម្ពុជាឱ្យមានស្តង់ដារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនថ្នាំជក់ជប៉ុនលំដាប់អន្តរជាតិមួយមានប្រតិបត្តិការលក់ជាង១៣០ប្រទេស បានចូលមកកម្ពុជាក្នុងឆ្នាំ២០១៦។ បច្ចុប្បន្នបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងផ្តល់បច្ចេកទេស និងចំណេះដឹងដល់កសិករប្រកបមុខរបរដាំថ្នាំជក់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមឱ្យមានសមត្ថភាពអាចផលិតបានថ្នាំជក់ស្របតាមស្តង់ដារអន្តរជាតិ ពិសេសស្តង់ដារបែបជប៉ុន ខណៈពេលដែលថ្នាំជក់កម្ពុជាបានក្លាយជាម៉ាកសមូហភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ហ៊ុន ឧត្តមសូរិយា នាយិកាផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន JTI បានឱ្យដឹងថា មូលហេតុដែល JTI គាំទ្រដល់កសិកម្មថ្នាំជក់កម្ពុជាស្ថិតនៅក្រោមគម្រោងម៉ាកសមូហភាពនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយសារមានការផ្តួចផ្តើមពីសម្តេចតេជោ ហ៊ុន សែន ស្នើរឱ្យក្រុមហ៊ុនផ្តល់នៅបច្ចេកទេសផ្នែកកសិកម្មដល់កសិករថ្នាំជក់កម្ពុជា។ ដូចនេះដើម្បីផ្តល់បច្ចេកទេសផ្នែកកសិកម្មថ្នាំជក់នៅកម្ពុជា ទាមទារឱ្យអ្នកជំនាញរបស់ជប៉ុនចុះមកកម្ពុជាស្ទើរតែរៀងរាល់ខែ។

បើតាមអ្នកស្រី ហ៊ុន ឧត្តមសូរិយា ផ្អែកលើសកម្មភាពចុះត្រួតពិនិត្យដោយផ្ទាល់នាពេលកន្លងមក អ្នកជំនាញដំណាំថ្នាំជក់របស់ជប៉ុន បានវាយតម្លៃថា ថ្នាំជក់កម្ពុជាគឺមានគុណភាពល្អប្រសើរ ប៉ុន្តែការប្រើប្រាស់បច្ចេកទេសមិនបានត្រឹមត្រូវ ទាក់ទងនិងការប្រើជី ទឹកនិងការប្រើប្រាស់កំដៅ ដើម្បីសម្ងួតសន្លឹកថ្នាំជក់។ តែទោះជាបែបនេះក្តីអ្នកបច្ចេកទេសជប៉ុនកំពុងតែរកដំណោះស្រាយថាអាចមានបច្ចេកទេសណាមួយធ្វើឱ្យការដាំដុះដំណាំថ្នាំជក់នេះមានភាពប្រសើរឡើង។

អ្នកស្រីគូសបញ្ជាក់ថា “នៅក្នុងគម្រោងនេះយើងកំពុងធ្វើការជាមួយកសិករ ដាំដំណាំថ្នាំជក់ បានជ្រើសរើសម្ចាស់ចំការ ចំនួន៥គ្រួសារ ធ្វើជាចំការគំរូ ហើយបើសិនគម្រោងនេះទទួលបានជោគជ័យ នោះសហគមន៍ដាំថ្នាំជក់ទាំងមូលនិងអនុវត្តចំការគំរូដើម្បីបានទិន្នផលកើនឡើង ហើយចំការគំរូនឹងចាប់ផ្តើមនៅឆ្នាំ២០២៦។ គោលបំណងសំខាន់នៃគម្រោងនេះដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ពិសេសដំណាំថ្នាំជក់របស់កសិករឱ្យមានស្តង់ដារអន្តរជាតិ ពិសេសស្តង់ដារតាមបែបជប៉ុន”។

សូមជម្រាបជូនផងដែរថា កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​
​បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានគាំទ្រក្នុងការរៀបចំនិងចុះបញ្ជី “ថ្នាំជក់កម្ពុជា” ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន៕