សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង នៃសាធារណរដ្ឋប្រជាម៉ានិតចិន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យអាទិភាពនៅកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yang Hongyu អនុប្រធានសហព័ន្ធ កាលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ លោក Yang Hongyu បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យអាទិភាពមួយចំនួនដូចជា ថាមពលកកើតឡើងវិញ (Renewable Energy), ឧស្សាហកម្មកែច្នៃកសិផល, ការផលិតគ្រឿងបន្លាស់រថយន្ត, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ហើយបានគូសបញ្ជាក់អំពី ភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនានារវាងកម្ពុជា-ចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រីកវិនិយោគ។
លោក ក៏បានធ្វើបទបង្ហាញលម្អិត និងស៊ីជម្រៅជូនគណៈប្រតិភូអំពីបរិយាកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ក្រោមចំណុចគន្លឹះមួយចំនួន រួមមាន៖ កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ, ច្បាប់ស្តីពីវិនិយោគ ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការសម្របសម្រួលវិនិយោគនានា,សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកតភ្ជាប់ដ៏សំខាន់ក្នុងតំបន់ជាដើម។
បន្ថែមពីនោះ លោក ក៏បានរំលេចអំពីការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ ក្នុងពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក វាបានបង្ហាញពីភាពប្រាកដប្រជា និងបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិកផងដែរ។
សូមជម្រាបថា ភាគីទាំងពីរ រំពឹងថា តាមរយៈជំនួបខាងលើនេះដែរ នឹងក្លាយជាស្ពានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងខេត្តសានដុង ដែលចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាប័ន្នរវាងកម្ពុជានិងចិន៕ អត្ថបទ៖ហ្សាលីន


