ប្រធានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងមួយមានទីតាំងក្នុងខេត្តកំពង់ធំបានបង្ហាញការវាយតម្លៃថា ក្រុមហ៊ុន Mirarth Agritechរបស់ជប៉ុនដែលស្ថិតនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាក្រុមហ៊ុនឈានមុខគេលើការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ក្នុងតម្លៃខ្ពស់ពីកសិករនៅក្នុងតំបន់ជួយឱ្យថ្លៃគ្រាប់ស្វាយចន្ទីមិនងាយធ្លាក់ចុះនៅលើទីផ្សារ បើធៀបនិងក្រុមហ៊ុនផ្សេងទៀត។

លោក ញូង ធីម ប្រធានសហគន៍ខាងលើបានលើកឡើងថា “តាមទស្សនៈរបស់ខ្ញុំក្រុមហ៊ុន Mirarth Agritechឈានមុខគេទិញគ្រាប់ស្វាយចន្ទីពីកសិករដោយមិនគិតថាទីផ្សារមកពីណានោះទេ គាត់ទិញតាមទីផ្សារ ហើយពេលខ្លះហ៊ានឱ្យតម្លៃលើសពីទីផ្សារ ផ្អែកលើគុណភាពគ្រាប់ស្វាយចន្ទីជាក់ស្តែង ធ្វើឱ្យកសិករនៅក្នុងសហគមន៍ទទួលយកបានក្នុងការទិញលក់ជាមួយក្រុមហ៊ុនមួយនេះ”។
លោកបន្ថែមថា សម្រាប់ក្រុមហ៊ុន Mirarth Agritech,ចំពោះខ្ញុំគិតថាយើងមានការចាប់អារម្មណ៍ជាងគេ ក្នុងចំណោមរោងចក្រផ្សេងទៀតនៅក្នុងខេត្តកំពង់ធំ ដោយសារពួកគាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីផ្ទាល់ពីកសិករ។ ការនាំចេញរបស់គាត់មានការកើនឡើងកាន់តែច្រើន ធ្វើឱ្យសហគមន៍មានលទ្ធភាពហាលគ្រាប់ស្វាយចន្ទីទុកបានកាន់តែច្រើន ជួយតម្លៃនៅលើទីផ្សារមានលំនឹង មិនធ្វើឱ្យតម្លៃឆាប់ធ្លាក់ចុះ។
បើតាមលោក ញូង ធីម គិតមកដល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង បានលក់គ្រាប់ស្វាយចន្ទីស្ងួតដល់ក្រុមហ៊ុន មីរ៉ាត់ប្រមាណ៧០តោន។
សូមជម្រាបជូនផងដែរថាថ្មីៗនេះ,លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរអំពីខ្សែច្រវាក់នៃការកែច្នៃគ្រប់ស្វាយចន្ទីថា បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រមទាំងសហគមន៍ទំនើបទាំង៣ ស្ថិតក្នុងខេត្តកំពង់ធំ។
លោកគូសបញ្ជាក់ថា “ក្រុមហ៊ុនកំពុងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន ៦ តោន ក្នុង១ថ្ងៃ (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប។ ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ នាពេលខាងមុខ”៕SL



