ក្រសួងអប់រំ និងក្រុមហ៊ុនមួយចុះហត្ថលេខាបរិច្ចាគថវិកា សាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម ជាមួយក្រុមហ៊ុនហ្គ្រេប(ខេមបូឌា)ឯ.ក ដឹកនាំដោយលោក កង សុវណ្ណារ៉ូត អគ្គនាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិតសភាចារ្យ បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Grab (Cambodia) Co., Ltd បរិច្ចាគថវិកាចំនួន ១២៩,៩០០ ដុល្លារអាមេរិក ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រើប្រាស់សម្រាប់គម្រោងសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅសាលាបឋមសិក្សាមនោរម្យ ១+២ ដែលស្ថិតក្នុងភូមិសែនមនោរម្យ ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមាសភាគសំខាន់ៗនៃគម្រោងសាងសង់រួមមាន៖  អគារសិក្សាថ្មី ចំនួន ៦ បន្ទប់, ការបំពាក់គ្រឿងបរិក្ខារសិក្សា រួមមាន តុ កៅអី និងក្តារខៀន, អគារបង្គន់អនាម័យ ចំនួន ៥ បន្ទប់, អាងស្តុកទឹកកម្ពស់ខ្ពស់ដែលមានចំណុះ ១០,០០០ លីត្រ, ដងទង់ជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រដល់ការសាងសង់សាលារៀននេះ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌របស់ក្រុមហ៊ុន Grab ។ ដោយលោកបញ្ជាក់ថា  គម្រោងនេះមិនត្រឹមតែផ្ដល់នូវអគារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់កុមារនៅតាមតំបន់ព្រំដែន ជាពិសេសផ្តល់ក្តីសង្ឃឹមឡើងវិញដល់កុមារដែលរស់នៅតាមតំបន់ព្រំដែន។

គួរបញ្ជាក់ថា មកទល់ពេលនេះមានសាលារៀនជាប់បន្ទាត់ព្រំដែន៧ខេត្ត បានបិទទ្វារសរុប១០៩១សាលា ធ្វើឱ្យប៉ះពាល់ដល់គ្រូបង្រៀន១១៩២២នាក់ និងសិស្ស២៥៤៤៨០នាក់៕