ជម្លោះព្រំដែនរវាងថៃ និងកម្ពុជាកំពុងបំផ្លាញសាមគ្គីភាពអាស៊ាន ហើយគ្មានភាគីណាមួយចំណេញ ពីជម្លោះនេះនោះឡើយ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

តាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang Yi បានបើកកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Prak Sokhonn និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃព្រហស្បតិ៍។
ទាំងភាគីកម្ពុជា និងថៃ បានធ្វើការសង្ខេបខ្លីៗប្រាប់លោក Wang អំពីការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីឆន្ទ:ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់មួយ។
នៅក្នុងកិច្ចសន្ទនានោះ ស្តេចការទូតចិន លោក Wang ក៏បានសង្កត់ធ្ងន់ថាការបណ្ដែតបណ្ដោយជម្លោះរវាងថៃ និងកម្ពុជាបន្តកើតឡើងនឹងមិនផ្ដល់ផលចំណេញដល់ភាគីណាមួយទេ ខណៈវាក៏បំផ្លាញផងដែរដល់ សាមគ្គីភាពអាស៊ាន។ ដូច្នេះហើយអ្វីដែលជាអាទិភាពនៅពេលនេះ គឺគួរតែឈានដល់បទឈប់បាញ់មួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាថ្មីម្តងទៀត រដ្ឋមន្រ្តីការបទេសចិន ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្ត និងអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ចិនមិនចង់ឃើញភាគីទាំងសងខាងប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនោះទេ ហើយចិនពិតជាសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិត និងរងរបួសនៃជនស៊ីវិលដោយសារជម្លោះ៕អត្ថបទ៖ហ្សាលីន

