សមាគមឧកញ៉ាកម្ពុជា គាំទ្រដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មរៀបចំដោយឧកញ៉ា អាន ឌីណា

សមាគមឧកញ៉ាកម្ពុជា

ដោយមានការគាំទ្រពីសមាគមឧកញ៉ាកម្ពុជា និងកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេហ្វអេសស៊ី ខេអេច ខូអិលធីឌី បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការ​បណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មដោយមានការចូលរួមពីសំណាក់ ឧកញ៉ា កែវ បូណ៌ភិរក្ស, ឧកញ៉ា តាំង ធា, ឧកញ៉ា ឈឹម បញ្ញា, ឧកញ៉ា ប៊ុន ណាវី, ឧកញ៉ាបណ្ឌិត លី រិទ្ធ និងឧកញ៉ា សាយ សោភា ព្រមទាំងឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម លោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន​របស់ឧកញ៉ា​ទាំងអស់ដែលសុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនាថ្ងៃនេះ ដើម្បីស្វែង​យល់អំពីរចនាសម្ព័ន្ធ ទស្សនវិស័យ ក៏ដូចជាបេសកកម្មរបស់ ITI ដែលជាគ្រឹះស្ថានសិក្សាស្ថិតក្រោម​អភិបាលកិច្ច​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញ ព័ត៌មានវិទ្យា បរិក្ខារត្រជាក់ វិស្វកម្មរថយន្ត វិស្វកម្ម​អគ្គិសនី មេកានិកឧស្សាហកម្ម វិស្វកម្មលោហៈបន្ទះបន្សារ និងជំនាញជាច្រើនទៀត​ស្របតាមកម្មវិធីបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ១លាន៥សែននាក់ ដែលជាកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកៀរគរយុវជនដែលបានបោះបង់ការសិក្សាកន្លងមក និងយុវជនដែលពុំមានជំនាញ​ឱ្យចូលរៀនជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដើម្បីឱ្យពួកគេមានជំនាញមួយសម្រាប់ជីវិត។

ក្នុងឱកាសនេះដែរ ឧកញ៉ា អាន ឌីណា តំណាងសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា តាមរយៈជំនួប និងដំណើរ​ទស្សនកិច្ចសិក្សានៅថ្ងៃនេះពិតជាមានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ និងទទួលបានព័ត៌មាននានាអំពី ITI លើការបណ្តុះបណ្តាលជំនាញដល់យុវជនដែលជាកម្លាំងពលកម្មសកម្មសម្រាប់ប្រទេសជាតិ និងជាពិសេស​គឺជា​ឱកាសដែលសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលសុទ្ធសឹងជាធុរជនមកពីពហុវិស័យដូចជា ឧស្សាហកម្ម អចលនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម បច្ចេកវិទ្យា។ល។ បានពិភាក្សា ក៏ដូចជាចែករំលែកនូវ​តម្រូវការផ្នែកធនធានមនុស្សរបស់អាជីវកម្មនីមួយៗដល់វិទ្យាស្ថានដើម្បីមានភាពងាយស្រួលក្នុងការតម្រង់ទិសដៅលើការបណ្តុះបណ្តាលឱ្យស្របគ្នាទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ។

ឧកញ៉ាបានបន្ថែមថា ជំនួបនេះគឺជាការបើកផ្លូវដើម្បីឱ្យស្ថាប័នទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក និង​សង្ឃឹមយ៉ាងមុតមាំថា នឹងមានជំនួបបែបនេះជាបន្តបន្ទាប់ទៀតដើម្បីបង្កើតកាលានុវត្តភាពក្នុងការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការជាមួយគ្នាដែលនឹងផ្តល់អត្ថប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលធុរជន​ជាច្រើនកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ ឧកញ៉ាក៏មាន​សុទិដ្ឋិនិយមថា កិច្ចសហការរវាងវិស័យឯកជន និងគ្រឹះស្ថានសិក្សារដ្ឋគឺជាកម្លាំង​ចលករដ៏សំខាន់ក្នុងការពង្រីក​សក្តានុពលលើការបណ្តុះបណ្តាលជំនាញ និងបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងថែមទៀត។

បន្ទាប់មកទៀត គណៈប្រតិភូក៏បានធ្វើដំណើទស្សនកិច្ចនៅតាមថ្នាក់រៀន និងរោងជាងក្នុងបរិវេណវិទ្យាស្ថាន​ខណៈ​ដែលសិស្សនិស្សិតកំពុងសិក្សា និងអនុវត្តផ្ទាល់តែម្តង។