លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនមួយបង្កើនផលិតភាព ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន Best Mattresses International Co., Ltd. ឱ្យក្រុមហ៊ុនខិតខំបង្កើនផលិតភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។លោក ស៊ុន ចាន់ថុល បានជំរុញដូច្នេះ នៅក្នុងឱកាសទស្សនកិច្ច Showroom និងពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនខាងលើ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន បានគោរពជម្រាបជូន អំពីព័ត៌មានទាក់ទងនឹងក្រុមហ៊ុន រួមមាន៖ សាវតាក្រុមហ៊ុន, របាយការណ៍ផលិតភាពឆ្នាំ២០២៥ និងការព្យាករណ៍លើកំណើនផលិតភាពសម្រាប់ឆ្នាំ២០២៦, កិច្ចសហការធុរកិច្ចជាមួយនឹងម៉ាកសញ្ញាល្បីៗធំៗក្នុងពិភពលោក, និងបណ្តាញទីផ្សារអន្តរជាតិសម្រាប់ការនាំចេញរបស់ខ្លួន

បន្ទាប់ពីជំនួបនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏បានអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ ធ្វើទស្សនកិច្ចនៅក្នុង Showroom ដែលដាក់តាំងបង្ហាញផលិតផលសម្រេចគ្រប់ប្រភេទដែលមានគុណភាពកម្រិតប្រណីត និងបន្តដោយការចុះពិនិត្យខ្សែចង្វាក់ផលិតកម្ម ដើម្បីស្វែងយល់ពីបច្ចេកទេសផលិត ការគ្រប់គ្រងគុណភាព ការវេចខ្ចប់ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។

ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល ក៏បានសរសើរចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដែលបានប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មទំនើប និងបានពង្រីកទីផ្សារនាំចេញផលិតផល “Made in Cambodia” ទៅកាន់ទីផ្សារធំៗនៅលើពិភពលោក។ លោកបន្តថា ការណ៍នេះមិនត្រឹមតែជួយបង្កើនទំហំនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ការងារដល់កម្លាំងពលកម្មក្នុងស្រុកផងដែរ។

សូមជម្រាប់ថា ក្រុមហ៊ុន Best Mattresses International គឺជាក្រុមហ៊ុនមួយវិនិយោគនៅខេត្តព្រះសីហនុ ហើយមានបទពិសោធន៍យូរឆ្នាំក្នុងការផលិតពូក និងគ្រឿងសង្ហារិមប្រភេទសម្រាកលម្ហែកាយ និងមានបណ្តាញដៃគូពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។

យ៉ាងណាមិញ តាមរយៈដំណើរទស្សនកិច្ចខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏ណែនាំដល់ក្រុមហ៊ុនឱ្យសំដៅបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបន្ថែម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ទាក់ទាញមួយនៅក្នុងតំបន់ ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននៃវិធានដើមកំណើតទំនិញ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកផងដែរ៕ អត្ថបទ៖ ហ្សាលីន