ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុងគោលដៅបង្កើនការយោគយល់ពីគ្នា និងជំនឿទុកចិត្តទៅវិញទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
សូមគូសបញ្ជាក់ថា នាឱកាសនៃកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ាន ផ្សេងទៀតផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិធានការកសាងទំនុកចិត្តបន្ថែមទៀត។ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះ សហគមន៍អន្តរជាតិទាំងមូលផងដែរ៕









