រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានសម្រេចបន្តហាមឃាត់លើការនាំចូលស្កររហូតដល់ចុងខែធ្នូ ឆ្នាំ២០២៦ ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកមានភាពប្រសើរឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco Tiu Laurel បាននិយាយថា វិធានការនេះ មានគោលបំណងបន្តការពារកសិករ និងអ្នកផលិតក្នុងស្រុក ក៏ដូចជាធ្វើឲ្យទីផ្សារមានស្ថិរភាព ដោយផ្អែកទៅលើទស្សនវិស័យបច្ចុប្បន្នសម្រាប់ការផលិត និងតម្រូវការស្ករ។
គួរឲ្យដឹងផងដែរថា ជុំវិញការហាមឃាត់នេះ ដំបូងឡើយត្រូវបានដាក់ចេញដំបូង ចាប់ពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ រហូតដល់ពាក់កណ្តាល ឆ្នាំ២០២៦។ ប៉ុន្តែសម្រាប់ការបន្តរយៈពេលនៃការហាមឃាត់បន្ថែមទៀតនេះ គឺជារឿងចាំបាច់ ដោយសារទិន្នផលស្ករឆៅ ក្នុងស្រុកសម្រាប់ឆ្នាំដាំដុះ២០២៤-២០២៥ ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយផ្អែកលើទិន្នន័យជាក់ស្តែង។
ជម្រាបជូនថា ក្រសួងកសិកម្ម និងរដ្ឋបាលបទប្បញ្ញត្តិស្ករ ក៏កំពុងរៀបចំក្របខ័ណ្ឌច្បាប់ថ្មីមួយដែលត្រូវបានពន្យារពេលអស់ជាយូរផងដែរ ចំពោះការគ្រប់គ្រងទៅលើការនាំចេញអំពៅ ដែលជាវិធានការមួយដែល លោក Tiu Laurel បាននិយាយថានឹងការពារអ្នកផលិតក្នុងស្រុកបន្ថែមទៀត៕

