អាស៊ានជំរុញឱ្យកម្ពុជា-ថៃ គោរពគោលការណ៍នៃច្បាប់អន្តរជាតិ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌

សង្គម​ និង​សេដ្ឋកិច្ច

លទ្ធផលនៃកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ចប់ដោយអង្គប្រជុំបានជំរុញឱ្យកម្ពុជា-ថៃ គោរពគោលការណ៍នៃច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាលចំពោះស្ថានការណ៍បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសបានឱ្យដឹងថា អង្គប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម និងការបន្តចូលរួមចំណែករបស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីសម្រាប់ចំពោះជម្លោះ ដែលកំពុងបន្តវិវត្តទៅមុខ ហើយក៏បានជំរុញឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តភ្លាមៗ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងឈប់បាញ់ លទ្ធផលផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

ទន្ទឹមនឹងនោះ កិច្ចប្រជុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនភៀសសឹកទាំងសងខាងព្រំដែន បណ្ដាលមកពី ជម្លោះកាន់តែធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈ យន្តការទ្វេភាគី និងការសម្របសម្រួលរបស់ប្រធានអាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ សម្បែងវិញដោយសុវត្ថិភាព ហើយទីតាំងសាសនា និងបេតិកភណ្ឌវប្បធម៌ត្រូវតែទទួលបាននូវការការពារមិនឱ្យរងការវាយប្រហារដោយអាវុធឡើយ។

ជាមួយនឹងការបញ្ជាក់អំពីសារៈសំខាន់នៃឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាមជ្ឈភាពអាស៊ាន ក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរ គោរពគោលការណ៍នៃច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាលចំពោះស្ថានការណ៍បច្ចុប្បន្ន។

កិច្ចប្រជុំបានបញ្ចប់ដោយការចេញសេចក្ដីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចពិភាក្សា របស់រដ្ឋមន្ត្រីទាំងអស់ ដែលកំណត់នូវបរិយាកាសសម្រាប់បន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំងការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះ មាគ៌ានៃការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្វែងរកសន្តិភាពចីរកាល៕